កាន់​តែ​ច្បាស់! អតីត​ប្ដី សាន​ ស្រីឡៃ មាន​ឈ្មោះ​ផ្សេង ហើយ​ក៏​មិន​មែន​អាយុ ៥៣​ឆ្នាំ​ដែរ

ឃាតកម្ម​ដ៏​កក្រើក​កាល​ពី​ម្សិលមិញ បាន​បន្សល់​ទុក​ព័ត៌មាន​ជា​ច្រើន ហើយ​ឥឡូវ​នេះ​ក៏​ទើប​បែក​ធ្លាយ​រឿង​មួយ​ចំនួន​ទៀត ដែល​ខុស​ពី​ប្រិយមិត្ត​បាន​ដឹង​ពី​មុន​មក។ តាម​ពិត អតីត​ប្ដី​របស់​តារា​ចម្រៀង សាន ស្រី​ឡៃ មាន​ឈ្មោះ​ពិត ខៀវ ម៉ៅ អាយុ​ទើប ៤៧​ឆ្នាំ​ប៉ុណ្ណោះ។
   
 បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​ទើប​ទទួល​បាន គឺ​អតីត​ប្ដី​របស់​​តារាចម្រៀង​ និង​ជា​អតីត​បេ​ក្ខ​នារី​ក្នុង​កម្មវិធី The Voice Cambodia មិន​មែន​មាន​ឈ្មោះ ជ័យ រិន នោះ​ទេ គឺ​មាន​ឈ្មោះ​ពិត ខៀវ ម៉ៅ។ ចំណែក​ឈ្មោះ ជ័យ រិន នោះ​ទិញ​ពី​គេ​ពេល​ចូល​ធ្វើ​គយ។ ចំណែក​អាយុ​ពិត ទើប ៤៧​ឆ្នាំ​ប៉ុណ្ណោះ មិន​មែន ៥៣​ឆ្នាំ ដូច​ព័ត៌មាន​នាន​ចុះ​ផ្សាយ​កន្លង​មក​ទេ។ តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត គឺ ខៀវ ម៉ៅ បច្ចុប្បន្ន ជា​ជំនួយ​ការ​សាខាគយ​ខេត្ត​កំពង់ចាម មិន​មែន​ជា​អនុប្រធាន​សាខា​គយ​ខេត្ត​ត្បូង​ឃ្មុំ​ទេ។ មន្រ្តី​គយ​រូប​នេះ ធ្លាប់​បំពេញ​ការងារ​ជា​ច្រើន​កន្លែង​ ដូច​ជា​ខេត្ត​ព្រះ​សីហនុ ក្រុង​ប៉ោយ​ប៉ែត និង​ខេត្ត​បន្ទាយ​មាន​ជ័យ។ មូលហេតុ​នេះ​ហើយ ទើប​លោក ខៀវ ម៉ៅ បាន​ជួប​ជាមួយ សាន ស្រីឡៃ បង្កាត់​ភ្លើង​ស្នេហ៍ បាន​កូន ២​នាក់ ទាំង​មាន​ប្រពន្ធ​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​ព្រៃវែង​ទៅ​ហើយ។
   
បើ​តាម​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​ស្រប​ច្បាប់​របស់​លោក ខៀវ ម៉ៅ នៅ​ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង មាន​កូន ៤​នាក់​រួម​គ្នា។ ដោយសារ​បែប​នេះ​ហើយ ទើប​សព​របស់​លោក ខៀវ ម៉ៅ ត្រូវ​យក​ទៅ​បូជា នៅ​ឯ​ខេត្ត​ព្រៃវែង ខណៈ​សព​របស់ សាន ស្រីឡៃ តម្កល់​ធ្វើ​បុណ្យ​នៅ​ភ្នំពេញ បែក​ពី​គ្នា។ ចំពោះ​ប្រវត្តិ​របស់​ស្រីឡៃ ​គឺ​នាង​ជា​អ្នក​ចូល​ចិត្ត​ចម្រៀង​តាំង​ពី​តូច​មក​ម្ល៉េះ ដោយ​តែងតែ​ទៅណា​មក​ណា ច្រៀង​រហូត។ ពេល​ធំ​ពេញ​វ័យ ​នាង​ក៏​បាន​សម្រេច​យក​ឈ្មោះ រិន ​ជា​ស្វាមី ប៉ុន្តែ​មិន​បាន​រៀប​ចំ​មង្គល​ការ​ធំ​ឡើយ ពោល​គឺ​ត្រឹម​តែ​សែន ចាស់​ទុំ​ដឹង​បន្ដិចបន្ដួច​។ ​ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​បាន​កូន​ប្រុស​២​នាក់ ម្នាក់​អាយុ​៨​ឆ្នាំ ​និង​ម្នាក់​អាយុ​៤​ឆ្នាំ​មក នាង​ក៏​បាន​ដឹង​ថា​ប្ដី​របស់​ខ្លួន​ធ្លាប់​មាន​ប្រពន្ធ​ទៅ​ហើយ ​ហើយ​មាន​កូន​ដល់​ទៅ​៤​នាក់​ទៀត។ ដោយសារ​តែ​ប្ដី​ខ្លួន​មួយ​ជិះ​ទូក​២ ដូច្នេះ​ហើយ ទើប​នាង​សម្រេច​ចិត្ត​ថា​បែក​គ្នា​ជាមួយ​ប្ដី​តែ​ម្ដង​ទៅ ព្រោះ​នាង​តែងតែ​ទទួល​រង​ហិង្សា​ពី​ប្ដី​ម្នាក់​នេះ​ជា​ញឹកញាប់។ ហេតុផល​មួយ​ទៀត​ដែល​ ស្រីឡៃ ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ប្ដី ព្រោះ​នាង​មិន​ចង់​មាន​ឈ្មោះ​ជា​មនុស្ស​ស្រី​ដណ្ដើម​ប្ដី​គេ​ឡើយ ក្រោយ​ពី​ដឹង​ថា ជ័យ រិន ​មាន​ប្រពន្ធ​ហើយ​នោះ។ តែ​អ្វី​គ្រប់​យ៉ាង​មិន​បាន​ដាច់​ស្រេច​ឡើយ ត្បិត​អី​ខាង​ប្រុស​មិន​ព្រម​លែងលះ ​ដោយ​គ្រាន់​តែ​អាច​នៅ​ផ្ទះ​បែក​គ្នា​ប៉ុណ្ណោះ។ ស្រីឡៃ ​ទទួល​រង​ការងារ​ធ្ងន់​មែនទែន​ក្នុង​ការ​មើល​ថែ​កូន​នេះ ពោល​គឺ​ត្រូវ​ទៅ​ច្រៀង​ដើម្បី​យក​លុយ​មក​ឱ្យ​ម្ដាយ និង​ចិញ្ចឹម​កូន​ទាំង​ពីរ។ ដោយសារ​តែ​មួយ​រយៈ​នេះ​ស្រីឡៃ ​ឡើង​កោត​បន្ដិច ​ប្ដី​ក៏​មក​សុំ​ត្រូវ​គ្នា​វិញ ក្រោម​ហេតុផល​ជា​ច្រើន​យ៉ាង ប៉ុន្តែ​ធ្វើ​មិច​បើ​ស្រីឡៃ ​ដាច់​ចិត្ត​ទៅ​ហើយ ក៏​មិន​ព្រម​ត្រូវ​គ្នា​វិញ​ឡើយ។ ហេតុដូច្នេះ​ហើយ ​ទើប​បាន​ជា​ខាង​ប្ដី​ខឹង ​និង​កើត​ជា​រឿង​អាក្រក់​បាញ់​សម្លាប់​គ្នា​ឡើង​មក។ សូម​បញ្ជាក់​ថា​ក្រោយ​ពី​ប្រលង​ចប់ The Voice Cambodia ​មក ​នាង​បាន​សន្សំ​លុយ​ទិញ​បាន​ផ្ទះ​មួយ​ដើម្បី​រស់​នៅ ប៉ុន្តែ​ដោយសារ​បន្ទុក​គ្រួសារ​ធ្ងន់​ពេក ទើប​នាង​សម្រេច​លក់​ផ្ទះ​នោះ​វិញ ​ហើយ​មក​ជួល​ផ្ទះ​គេ​រស់​នៅ នៅ​ខណ្ឌ​សែន​សុខ៕

Comments

Popular posts from this blog

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ផ្តាច់មុខកាហ្វេ ARABITIA របស់CP Group ពីថៃ គ្រោងបើក២០សាខាឆ្នាំនេះ

ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង

ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…