ក្រុមហ៊ុនវីរៈ ប៊ុនថាំ ផ្តាច់មុខកាហ្វេ ARABITIA របស់CP Group ពីថៃ គ្រោងបើក២០សាខាឆ្នាំនេះ

Twitter LinkedIn Email By Meng Songhua October 11, 2017 CIMB BANK – CAR AD ក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈ ប៊ុនថាំ បានសម្រេចចិត្តទិញសិទ្ធិធ្វើអាជីវកម្មជាលក្ខណៈ Master Franchise (Exclusive Master Franchisee) កាហ្វេម៉ាក ARABITIA ពីប្រទេសថៃដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP Group គ្រោងនឹងបើកសម្ភោធហាងកាហ្វេនេះឲ្យបាន ២០សាខានៅឆ្នាំនេះ និងបើកបន្ថែមដល់ទៅ៤០សាខានៅឆ្នាំក្រោយ។ 

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ បានមានប្រសាសន៍ប្រាប់ Business Cambodia ឲ្យដឹងថា គម្រោងក្នុងការបើកហាងកាហ្វេ Arabitia នេះ ត្រូវបានក្រុមការងាររបស់លោកធ្វើការសិក្សាអំពីទីផ្សារ រសជាតិ គុណភាព និងសក្តានុពលក្នុងការប្រកួតប្រជែងអស់រយៈពេលជិត១ឆ្នាំមកហើយ។

   
ក្រោយពីការស្ទាបស្ទង់មតិអតិថិជនរួចមក ធ្វើឲ្យលោកកំណត់បានថាមានអ្នកដែលពេញចិត្តនិងរសជាតិកាហ្វេ Arabitia នេះ ប្រមាណជាង៩៥ភាគរយឯណោះ ទើបធ្វើឲ្យលោកសម្រេចចិត្តទិញសិទ្ធិអាជីវកម្ម (Exclusive Master Franchisee) ផ្តាច់មុខពីប្រទេសថៃតែម្តង។ 

លោកឧកញ៉ាវ័យក្មេងរូបនេះបានឲ្យដឹងទៀតថា គម្រោងបើកហាងកាហ្វេទាំង២០សាខារបស់លោកនៅឆ្នាំនេះមាន១៦សាខាដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ជិតរួចរាល់ហើយ។ក្នុងចំណោមហាងកាហ្វេទាំងនោះ មានហាងកាហ្វេចំនួន១០កន្លែងគឺជារបស់ក្រុមហ៊ុនលោកផ្ទាល់ និងចំនួន៦កន្លែងទៀតជារបស់ដៃគូអាជីវកម្មដែលបានទិញ Franchise លក់បន្តពីលោក ហើយនៅសល់៤សាខាទៀត នឹងផ្តល់ឱកាសដល់អ្នកទិញ Franchise ផ្សេងទៀតក្នុងតម្លៃពិសេស។  

ហាងកាហ្វេទាំង១៦សាខាដែលនឹងចាប់បើកដំណើរការឆាប់ៗខាងមុខនេះ គឺលេចរូបរាងឡើងនៅតំបន់មួយចំនួនដូចជា តំបន់ជ្រោយចង្វារ វត្តភ្នំ ខ័ណ្ឌឫស្សីកែវ ក្រាំងធ្នង់ ច្បារអំពៅ ចំការដូង ផ្លូវនរោត្តម ទួលគោក ខ័ណ្ឌសែនសុខ ក្នុងផ្សារម៉ាក្រូ និងតាមបណ្តាខេត្តក្រុងដូចជា ក្រុងប៉ោយប៉ែត ក្រុងកំពង់សោម ខេត្តសៀមរាប កំពង់ចាម បាត់ដំបង កំពង់ធំ និងខេត្តរតនគីរីជាដើម។ សាខាកូនច្បងដែលនឹងបើកសម្ភោធមុនគេនៅថ្ងៃទី២០ ខែតុលានេះ មានទីតាំងនៅជិតរង្វង់មូលខាងស្តាំដៃនៃស្ពានជ្រោយចង្វារ ត្រើយម្ខាង ផ្លូវទៅសណ្ឋាគារសុខា ទល់មុខនិងវិទ្យាល័យ ជា ស៊ីមជ្រោយចង្វារ។ 

លោកឧកញ៉ាបានបញ្ជាក់បន្ថែមទៀតថា ការបើកសាខាហាងកាហ្វេ Arabitia មួយកន្លែងអាចចំណាយទុនអស់ពី ២២ ទៅ ២៥ម៉ឺនដុល្លារអាមេរិក។

 ស្របពេលដែលហាងកាហ្វេ Arabitia កំពុងដំណើរការសាងសង់ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏ត្រៀមនឹងចេញកាហ្វេម៉ាក Caf’e Bus មួយទៀត ដែលរៀបចំតុបតែងឡើងយ៉ាងទំនើបដោយប្រើប្រាស់ឡានក្រុងកែច្នៃធ្វើជាហាង និងមានកន្លែងអង្គុយញ៉ាំកាហ្វេតែម្តង ហើយមានបំពាក់នូវម៉ាស៊ីនត្រជាក់ និងWifi ល្បឿនលឿនជាមួយនិងកន្លែងដែលមានផាសុខភាពបំផុតសម្រាប់អតិថិជន។  

លោកឧកញ៉ាបានបង្ហើបឲ្យដឹងដែរថា៖ Caf’e Bus នេះគឺជាគំនិតច្នៃប្រឌិតប្លែក និងទាក់ទាញមួយសម្រាប់យុវវ័យ ដោយសង្ឃឹមថា Caf’e Bus នឹងទទួលបានជោគជ័យខ្លាំង ព្រោះវាជាបទពិសោធន៍ថ្មីដែលមិនធ្លាប់មានទេនៅកម្ពុជាពីមុនមក។ Caf’e Bus នេះក៏មានបោះលក់ Franchise ដូចគ្នាដែរ ដោយអ្នកដែលចង់ចាប់យកមុខរបរនេះអាចចំណាយថវិការប្រមាណ ៤ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។

 ទន្ទឹមនិងការបើកដំណើរការជាច្រើនសាខារបស់កាហ្វេ Arabitia និង Caf’e Bus នេះក្រុមហ៊ុនក៏ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ច្រើនជំនាញជាមួយនិងប្រាក់បៀវត្សរ៍សមរម្យទៅតាមសាខានីមួយៗផងដែរ។
 


ប្រភព: businesscambodia

Comments

Popular posts from this blog

ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…

ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង